(ភ្នំពេញ)៖បន្ទាប់ពីមានបទបញ្ជាដាច់ណាត់របស់សម្តេចតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា
បញ្ជាឲ្យម្ចាស់សង្វៀនជល់មាន់ល្មើសច្បាប់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល
និងនៅស្រុកបាទី ខេត្តតាកែវ ដែលត្រូវបាន គេដឹងថា ជាកូនប្រសារបស់លោក ហ៊ុន សាន,
នៅពេលនេះវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ
បានសម្រេចប្រគល់ខ្លួនឲ្យកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។
នេះបើតាមមន្រ្តីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃថ្លែងប្រាប់ នៅមុននេះបន្តិច។
ម្ចាស់សង្វៀនជល់មាន់ល្មើសច្បាប់ដ៏ធំចំនួន២ខាងលើនេះ
ត្រូវបានសមត្ថកិច្ចបញ្ជាក់ថាមានឈ្មោះ ថៃ ផានី ហៅម៉ាប់ ជាកូនប្រសារបស់លោក
ហ៊ុន សាន បងប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ការប្រគល់ឲ្យកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃនេះដើម្បីឲ្យអនុវត្តតាមផ្លូវច្បាប់របស់កម្ពុជា។ការប្រគល់ ខ្លួនជូនសមត្ថកិច្ចនៅពេលនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន
សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាស តាមរយៈបណ្តាញព័ត៌មាន ថ្ងៃទី០៤ ខែធ្នូនេះ យ៉ាងដូច្នេះថា៖
«ខ្ញុំបញ្ជាឲ្យអ្នកនៅពីក្រោយខ្នង
ករណីបើកសង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្យ ខេត្តកណ្តាលប្រគល់ខ្លួន ឲ្យសមត្ថកិច្ច ជាបន្ទាន់។បើពួកគេមិនប្រគល់ខ្លួនទេ ខ្ញុំនឹង
បញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនឲ្យខាងតែបាន ដើម្បីចាត់វិធានការ
តាមផ្លូវច្បាប់ដោយគ្មានការលើកលែង ឬបន្ធូបន្ថយ បើទោះអ្នកទាំងនោះជាក្មួយ
ឬក៏ក្មួយប្រសារបស់ខ្ញុំក៏ដោយ»។
ស្នងការនគរបាលខេត្តកណ្ដាល ឧត្តមសេនីយ៍ផ្កាយ២ អ៊ាវ ចំរើន បានបញ្ជាក់ថា
ប្រតិបត្តបង្រ្កាបសង្វៀនជល់មាន់ទ្រង់ទ្រាយធំនេះកម្លាំងនគរបាលរបស់លោកប្រមាណ
១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថ ជាង២០នាក់។
ប្រតិបត្តិការក្នុងរូបភាពដ៏ធំបែបនេះ
ក៏បានកើតឡើងដូចទៅនឹងប្រតិបត្តិការកាលពីម្សិលមិញ នៅក្នុងទឹកដី ស្រុកបាទី
ខេត្តតាកែវ ដែលអភិបាលខេត្ត លោក ឡាយ វណ្ណៈ ដែលដឹកនាំកម្លាំងនគរបាល
កម្លាំងអាវុធហត្ថ និងកម្លាំងទាហាន ចុះទៅបង្ក្រាបទីតាំង សង្វៀនជល់មាន់
និងបាញ់អាប៉ោងដ៏ធំ និងដុះស្លែផងដែរ។
នៅល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ
សមត្ថកិច្ចបានសម្រេចកម្ទេចទីតាំងសង្វៀនជល់មាន់ដ៏ធំនេះហើយ។
ការសម្រេចកម្ទេចនេះក៏បានធ្វើឡើងក្រោយពេលដែលសមត្ថកិច្ចបានធ្វើកំណត់ហេតុ
និងសាកសួរមនុស្សឃាត់ខ្លួនជាង១៥០នាក់
នៅស្នងការនគរបាលខេត្តកណ្តាលជាបណ្តោះអាសន្នផងដែរ៕
