សមាគមខ្មែរនៅអូស្ត្រាលីបានធ្វើការពន្យល់ពីស្ថានភាពនយោបាយនៅកម្ពុជាជូនប្រធានព្រឹទ្ធសភា និងរដ្ឋសភាអូស្ត្រាលី ជុំវិញមូលហេតុនៃការរំលាយគណបក្សសង្គ្រោះជាតិ។
(ភ្នំពេញ)៖សមាគមខ្មែរនៅអូស្ត្រាលីចំនួន៥
បានផ្ញើសារលិខិតដាច់ដោយឡែកពីគ្នាចំនួនពីរច្បាប់ជូនទៅលោក Scott Ryan
ប្រធានព្រឹទ្ធសភា និងលោក Tony Smith ប្រធានរដ្ឋសភាប្រទេសអូស្ត្រាលី
ដើម្បីបញ្ជាក់ជំហរ និងមូលហេតុនៃសេចក្តីសម្រេចរបស់តុលាការកំពូល
ក្នុងការរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា
ឆ្នាំ២០១៧កន្លងទៅនេះ។
ក្នុងលិខិតដែលធ្វើឡើងកាលពីថ្ងៃទី០១ខែធ្នូឆ្នាំ២០១៧ដោយសមាគមខ្មែរនៅអូស្ត្រាលីទាំង៥ដដែលនោះបានបញ្ជាក់ប្រាប់ប្រធានព្រឹទ្ធសភានិងប្រធានរដ្ឋសភាអូស្ត្រាលីថាការសម្រេចរបស់តុលាការកំពូលគឺជាបុព្វសិទ្ធរបស់កម្ពុជាក្នុងការអនុវត្តច្បាប់របស់ខ្លួនដើម្បីធានាថា
ដំណើរការលទ្ធិប្រជាធិបតេយ្យត្រូវបានគោរព។
ផ្ទុយពីសមាគមខ្មែរមួយចំនួនដែលកំពុងសម្តែងប្រតិកម្ម
និងគ្រោងធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចរបស់តុលាការកំពូលកម្ពុជានោះ
សមាគមខ្មែរអូស្ត្រាលីទាំង៥
បានការពារយ៉ាងមុតមាំចំពោះការសម្រេចរបស់តុលាការកំពូលកម្ពុជា
ហើយបានលើកបង្ហាញនូវទិដ្ឋភាពច្បាប់ និងមូលហេតុជាច្រើនទៀត
ដែលនាំឲ្យមានការរំលាយគណបក្សសង្គ្រោះជាតិ
និងហាមឃាត់ថ្នាក់ដឹកនាំគណបក្សមួយនេះមិនឲ្យធ្វើសកម្មភាពនយោបាយចំនួន ៥ឆ្នាំ។
សមាគមទាំង៥បានបង្ហាញការប្តេជ្ញាចិត្តមុតមាំគាំទ្រការសម្រេចរបស់តុលាការកំពូលកម្ពុជា «យើងខ្ញុំសូមប្រកាន់ខ្ជាប់និងគោរពគោលការណ៍របស់ប្រទេសដែលប្រកាន់យកនូវនីតិរដ្ឋ
ដើម្បីធានា បាននូវ ការន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា
តាមរយៈយន្តការនៃការអនុវត្តច្បាប់ដ៏តឹងតែង ដើម្បី ធានារក្សាបាននូវសន្តិភាព
ស្ថេរភាព សន្តិភាព សណ្តាប់ធ្នាប់ សង្គម សម្រាប់ប្រជាជាតិ និងសង្គមកម្ពុជា»។
ឃ្លាចុងក្រោយនៃលិខិតនេះសមាគមខ្មែរទាំង៥បានបញ្ជាក់ថា
ការរៀបចំធ្វើបាតុកម្មរបស់ខ្មែរនៅ អូស្ត្រាលី មួយ ចំនួន ពុំបាន ឆ្លុះបញ្ចាំងនូវ ទស្សនៈ ឬ
គំនិតរួមរបស់ ប្រជាពល រដ្ឋខ្មែរអូស្ត្រាលីទាំងមូលនោះឡើយ៕





