ជួយអបអសារទរ !អភិបាលរងខណ្ឌនិងមន្រ្តីក្រសួងការងារចុះទៅសម្របសម្រួល និងត្រៀមដោះស្រាយនៅថ្ងៃទី៦ធ្នូខាងមុខនេះ

ដោយមុខសុខចិត្តក្រោយថៅកែរោចក្របញ្ឈប់ការងារ នៅព្រលឹមព្រឹកថ្ងៃទី ០៤ ធ្នូ ឆ្នាំ ២០១៧នេះ
កម្មកររោងចក្រ «ណានតាយនៅខណ្ឌមានជ័យ២០០នាក់បានធ្វើការតវ៉ានៅពីមុខរោងចក្រដើម្បីឲ្យមានការ
ដោះស្រាយជូនពួកគាត់ 


(ភ្នំពេញ)៖ កម្មករ-កម្មការិនីរោងចក្រ «ណានតាយ» ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ប្រមាណ២០០នាក់ លើកម្មករសរុប ៣១៤នាក់ បានផ្ទុះ​កូដកម្មតវ៉ា​ទាមទារ ប្រាក់បៀវត្សរ៍ជាច្រើនចំណុច ពីថៅកែរោងចក្រ នាំឲ្យបង្​កការ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧។ ចំណុចនៃការទាមទារទាំងនោះរួមមាន៖ ប្រាក់ជូនដំណឹងមុន, ប្រាក់បំណាច់​បណ្តេញ, ប្រាក់សោហ៊ុយជម្ងឺចិត្ត, ប្រាក់ទូទាត់ការឈប់សម្រាកប្រចាំឆ្នាំដែលកម្មករមិនទាន់បានប្រើ និងប្រាក់​ឈ្នួលចុងក្រោយ ដែលការតវ៉ានេះបានកើតមានឡើង បន្ទាប់ពីថៅកែក្រុមហ៊ុន បានបញ្ឈប់​ពួកគេពីការងារក្រោយបើកប្រាក់ខែជូន។ ពេលក្រុមកម្មករផ្ទុះការតវ៉ានោះ គេសង្គេតឃើញមានវត្តមាន អាជ្ញាធរចម្រុះខណ្ឌមានជ័យដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ សហការ​ជាមួយមន្ត្រីក្រសួងការងារ ចុះអន្តរាគមន៍សម្របសម្រួលបងប្អូនកម្មករ-កម្មការិនីដល់រោងចក្រ និងបាន​កោះហៅតំណាងរោងចក្រ ចូលជួបប្រជុំគ្នាដើម្បីរិះរកដំណោះស្រាយជូនបងប្អូនកម្មករ។


ក្រុមកម្មករបាន​ឲ្យដឹងថា កាលដើមឡើយរោងចក្រ មានកម្មករសរុបជាង៥០០នាក់ ប៉ុន្តែបច្ចុប្បន្​ននៅសល់​តែ​៣១២នាក់​ប៉ុណ្ណោះ ដោយកម្មករ២០០នាក់ ត្រូវបានថៅកែក្រុមហ៊ុនបញ្ចប់កុងត្រាការងារ ដោយមានបើក​ប្រាក់ខែឲ្យរួច​រាល់ ហើយបញ្ឈប់ការងារពួកគេតែម្តង ក្រោមហេតុផលថា ពុំមានការងារឲ្យធ្វើទៀត។ ក្រុមកម្មករ​២០០នាក់ ដែលផ្ទុះការតវ៉ា បានបន្តទៀតថា កាលពីអំឡុងខែសីហា ឆ្នាំ២០១៧កន្លងទៅ ថៅកែរោងចក្រ​បានប្រាប់មកកាន់កម្មករថា រោងចក្រនឹងផ្លាស់ប្តូរឈ្មោះ ហើយអាចឈាន​ដល់ការបិទទ្វារអាជីវកម្ម ដោយ​ថៅកែបានគុណគូរអតីតភាពការងារ ដល់កម្មករក្នុងម្នាក់៦០ដុល្លារ ប៉ុន្តែកម្មករមិនយល់ស្របឡើយ ព្រោះបើ​គុណគូរពីអតីតភាពការងារ បូកសរុបជាមួយប្រាក់បំណាច់ឆ្នាំ និងប្រាក់ផ្សេងៗទៀត​ដូចចំណុច​ដែល​បាន​រៀបរាប់ខាងលើ គឺក្រុមកម្មករអាចទទួលបានពី ៧០០ដុល្លារ ដល់១០០០ដុល្លារ ទៅតាមរយៈកាល​ដែល​ខ្លួនបានធ្វើ។ 


លោក ឌី រ័ត្នខេមរុណ បានថ្លែងថា ក្រោយការពិភាក្សាប្រជុំរកដំណោះស្រាយ អស់រយៈពេល​ជាង១ម៉ោងរួចមក អាជ្ញាធរសម្រេចយកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ជាថ្ងៃដោះស្រាយបញ្ចប់បញ្ហានេះ ជូនបងប្អូនកម្មករឲ្យបានរួចស្រេច ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះ។ លោកលើកឡើងថា ចំពោះមូលហេតុ ដែលអាជ្ញាធរមិនអាចដោះស្រាយជូនបងប្អូននៅថ្ងៃនេះបាន គឺដោយសារម្ចាស់រោងចក្រ ដែលជនជាតិចិន កំពុងជាប់រវល់នៅឯប្រទេស លុះថ្ងៃទី៦ ទើបត្រឡប់មកវិញ ទើបអាជ្ញាធរ​សម្រេចដោះ​ស្រាយនៅ​ថ្ងៃទី៦តែម្តង ។ លោកអភិបាលរងបន្ថែមថា រាល់ចំណុចដែលបងប្អូនទាមទារ នឹងត្រូវយកមកពិភាក្សាជាថ្មី នៅថ្ងៃទី៦ ហើយក៏ជាថ្ងៃដែលសម្រេចបញ្ចប់ការប្រឈមរបស់បងប្អូននៅថ្ងៃនោះដូចគ្នា ព្រោះបច្ចុប្បន្ន​រោងចក្រ មានតែផ្នែករដ្ឋបាលជាអ្នកមើលការខុសត្រូវ ដូច្នេះផ្នែករដ្ឋបាលមិនអាចសម្រេច​អ្វីបាន​ក្រៅ​តែ​ពីរ​ងចាំថៅកែរោងចក្រមកវិញនោះទេ។ ទន្ទឹមនឹងនោះ លោក ឌី រ័ត្នខេមរុណ ក៏សូមធ្វើការអំពាវនាវ បង​ប្អូនកម្មករកម្មការនីរោងចក្រទាំងអស់ មេត្តារក្សាភាពស្ងប់ស្ងាត់ និងរក្សារបៀបរៀបរយឲ្យបានល្អ ហើ​យចូលបម្រើការងារ ក្នុងរោងចក្រតាមជំនាញរៀងៗខ្លួន ជៀសវៀងការប្រមូលផ្តុំធ្វើអ្វីខុសប្រក្រតី ឬក៏ការប្រមូលផ្តុំនាំគ្នាធ្វើកូដកម្មលើកប៉ាដាបិទផ្លូវសាធារណៈ តាមការញុះញង់ក្នុងចេតនាទុច្ចរិតណាមួយ របស់ក្រុមជនអគិតិមួយចំនួនក្នុងសង្គម ជាដើម ដែលអាចបង្កភាពចលាចលដល់​សង្គមរបស់យើង​ក្នុងការ​ចុះដោះស្រាយផលប្រឈមជូនបងប្អូន ដោយយល់ឃើញមានការលំបាក របស់បងប្អូននាំ​គ្នាឈរ​ក្រោមកំដៅថ្ងៃ លោកអភិបាលរង ក៏បានឧបត្ថម្ភទឹកសុទ្ធចំនួន៧៥យួរ ចែកជូនបងប្អូនពិសារផងដែរ៕