សូមបញ្ជាក់ថា លោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត (គជប) បានដាក់លិខិតទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ធ្នូនេះ ដោយស្នើសុំជួបសួរសុខទុក្ខលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ នៅមណ្ឌលអប់រំកែប្រែទី៣ ឬពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែធ្នូ វេលាម៉ោង៩៖៣០នាទីព្រឹក។
ក្នុងនោះដែរ លោក រ៉ុង ឈុន បានប្រាប់សារព៏តមានក្នុងក្នុងស្រុកថា៖ ការទៅសួរសុខទុក្ខគឺមិនមែនពាក់ព័ន្ធទៅនឹងការស៊ើបអង្កេតនោះទេ។ លោកថាការឆ្លើយតបរបស់តុលាការគឺជាការមិនចង់ឲ្យលោកចូលជួបលោក កឹម សុខា។
បើតាមលោក រ៉ុងឈុន ការដែលលោកចង់ជួបលោក កឹម សុខា គឺលោកចង់ប្រាប់គាត់ថា ទាំងអ្នកនៅក្នុងស្រុកនិងអ្នកនៅក្រៅស្រុក កំពុងតែរកវិធីឲ្យមានការដោះលែងលោក កឹម សុខា ដើម្បីចូលរួមការបោះឆ្នោតខាងមុខ។ បើទោះជាតុលាការមិនអនុញ្ញាតឲ្យលោកចូលជួបផ្ទាល់តែ លោក រ៉ុង ឈុន អះអាងថានៅថ្ងៃទី១០ធ្នូដែលជាថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិលោក នឹងទៅឈរនៅខាងមុខក្លោងទ្វារពន្ធនាគារត្រពាំងផ្លុង ជាទីដែលលោក កឹម សុខា ជាប់ឃុំនៅទីនោះ។
គួររំលឹកថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួននៅពាក់កណ្តាលអាធ្រាធយប់ថ្ងៃទី៣កញ្ញាកាលពី៣ខែមុន ដោយរដ្ឋាភិបាលចោទថា អតីតប្រធាន បក្សប្រឆាំងរូបនេះ ឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែអតីត គណបក្សសង្រ្គោះជាតិ និងបណ្តាប្រទេសលោកខាងលិចដូចជា អាមេរិក និងសហភាព អ៊ឺរ៉ុបជាដើម បានទាមទារឲ្យដោះលែងលោក កឹម សុខា ដោយឥតលក្ខខណ្ឌ។
