ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចែករង្វាន់សិស្សពូកែ និងចែកអំណោយសិស្សក្រីក្រជួបការលំបាក ក្នុងវិទ្យាល័យសម្តេចហ៊ុនសែនព្រែកកំពឹស


(ភ្នំពេញ)៖កាលពីម្សិលម៉ិញត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្រ្តីថ្នាក់ក្រោមបានធ្វើការចែករង្វាន់សិស្សពូកែ និងចែកអំណោយសិស្សក្រីក្រជួបការលំបាក ក្នុងវិទ្យាល័យ សម្តេចហ៊ុនសែន ព្រែកកំពឹសស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំនាក់ សិស្សានុសិស្ស យុវជនយុវនារី មាតាបិតាអាណាព្យាបាល និងលោកគ្រូអ្នកគ្រូ អជ្ញាធរមូលដ្ឋាន សរុបជិត១៦០០នាក់។
គួររំលឹកផងដែរថានេះក៍មិនមែនជាសកម្មភាពដំបូងរបស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនោះទេ កាលពី ឆ្នាំ២០១៦លោក ធ្លាប់បានធ្វើរួចម្តងហើយ និងសន្យាធ្វើបន្តជារៀងរាល់ឆ្នាំ ចំពោះ សិស្សានុ សិស្ស នៃវិទ្យាល័យសម្តេចហ៊ុនសែនព្រែកកំពឹសទំាងមូល ការសន្យានោះគឺ នៅពេលណាដែល សិស្សប្រលង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ បាននិទ្ទេសA លោកនឹងផ្តល់ជូន ម៉ូតូហុងដាសេរីថ្មី០១គ្រឿង កុំព្យូទ័រយួរដៃ(Laptop)០១គ្រឿង ថវិកា៤០ម៉ឺនរៀល សម្រាប់សិស្សនិទ្ទេសB លោកនឹងផ្តល់ជូននូវ កុំព្យូទ័រយួរដៃ០១គ្រឿង ថវិកា៤០ម៉ឺនរៀល តែចំពោះសិស្សប្រលង មធ្យមសិក្សាបឋមភូមិ ដែលបាន ចំណាត់ថ្នាក់លេខ១ប្រចាំសាលា លោកនឹងផ្តល់ជូន កុំព្យូទ័រយួរដៃ០១គ្រឿង ថវិកា៤០ម៉ឺនរៀល និងសិស្សបានចំណាត់ថ្នាក់លេខ២ លោកនឹងផ្តល់ជូនកុំព្យូទ័រយួដៃ០១គ្រឿងដែរ។
គួរនិងជម្រាបជូនបន្ថែមថា កាលពីឆ្នាំ២០១៦ គឺមានសិស្សនៃវិទ្យាល័យសម្តេចហ៊ុនសែនព្រែកកំពឹស ចំនួន០៤នាក់ បានទទួលម៉ូតូ០១គ្រឿង កុំព្យូរទ័រយួរដៃ០៤គ្រឿងនិងថវិកា១លាន២សែនរៀល ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែក្នុងឆ្នាំ២០១៧នេះ គឺមានសិស្សចំនួនតែ០៣នាក់ប៉ុណ្ណោះ ដែលទទួលបានរង្វាន់លើកទឹកចិត្ត ជាកុំព្យូទ័រ០៣គ្រឿងនិងថវិកា៨០ម៉ឺនរៀល ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តាមការសន្យា នោះគឺសិស្សមធ្យមសិក្សាទុតិយភូមិ និទ្ទេសBម្នាក់។
ព្រមជាមួយគ្នានេះ សិស្សក្រីក្រជួបការលំបាក ចំនួន៥១នាក់បន្ថែមពីលើសិស្សចាស់៦៣នាក់ ក៏ទទួលបានការជួយឧបត្ថម្ភពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផងដែរ ដោយក្នុងម្នាក់ៗទទួលកង់មួយ កាបូបស្ពាយមួយ សម្ភារៈសិក្សាមួយឈុត និងថវិកា៥ពាន់រៀល។ ក្រៅពីនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានឧត្ថម្ភថវិកា ជូនដល់ លោកគ្រូអ្នកគ្រូ ទូទាំងវិទ្យាល័យសម្តេចហ៊ុនសែនព្រែកកំពឹស ក្នុងម្នាក់ៗ ២ម៉ឺនរៀល ព្រមទាំង ឪពុកម្តាយអាណាព្យាបាលសិស្ស យុវជន ស.ស.យ.ក កម្លាំងការពារសន្តិសុខ អាវុធហត្ថ នគរបាល ប្រជាការពារ ក្រុមភ្លេងឆៃយ៉ាំសិស្ស ក៏ទទួលបានថវិកាដូចៗគ្នា។
ក្នុងឱកាសដ៏ឱឡារិកនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានប្រកាសដាក់ឲ្យប្រើប្រាស់នូវផ្លូវបេតុងក្នុងសាលា ចូលទៅកាន់អាគារសិក្សាចំនួន០៤ខ្សែ ដែលលោកបានឧបត្ថម្ភការកសាងទាំងស្រុងកន្លងមក និងសន្យាជួយកសាងបន្ថែម តាមសំណូមពរលោកនាយកសាលាចំនួន០១ខ្សែរទៀតផងដែរ។
ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តាំផ្ញើ និងចែករំលែកបទពិសោធន៍រស់នៅនាំទៅរកភាពជោគជ័យ ដែលលោកចាត់ទុកថាជាមេរៀនដែលនៅក្នុងសាលារៀន ឬ សកលវិទ្យាល័យ មិនមានបង្រៀនជូនដល់កូនក្មួយសិស្សានុសិស្ស ទាំងអស់ទុកជាគតិសម្រាប់ពិចារណា និងបានថតរូបអនុស្សាវរីយ៍ ជាមួយកូនក្មួយសិស្សានុសិស្សប្រកបដោយភាពស្និតស្នាលជាទីបំផុត។